Tuesday, January 17, 2012

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើជាពិធីបុណ្យដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យប្រពៃណីជាតិខ្មែរ មានច្រើនប្រភេទណាស់ ហើយរបៀបនៃការរៀបចំនោះក៏មានសភាព ខុសប្លែកពីគ្នាដែរ ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះត្រូវបាន ប្រជាជនខ្មែរយើងប្រារព្ធធ្វើឡើងតាំងតែពី បូរមបូរាណកាល មករហូតដល់សព្វថ្ងៃនេះ ។

       ពិធីបុណ្យប្រពៃណីខ្មែរប្រារព្ធធ្វើឡើងដើម្បី
  •  អបអរសាទរទទួលទេវតាឆ្នាំថ្មី
  • អបអរសាទរការបញ្ចប់ការងារ ការ ប្រមូលផលរបស់ប្រជាកសិករខ្មែរ
 កាលបរិច្ឆេទ
ប្រជាជនខ្មែរយើងបានកំនត់យកខែចែត្រ ឬ ខែ ពិសាខជាថ្ងៃប្រារព្ធនៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ជារៀងរាល់ឆ្នាំតែងតែប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺ ត្រូវនឹងថ្ងៃទី ១៣ ១៤១៥ ខែមេសា ជារៀងរាល់ឆ្នាំ ដោយកំនត់ដូចតទៅ៖
  • ថ្ងៃទី១​ហៅថាថ្ងៃ ចូលមហាសង្ក្រាន រឺ ថ្ងៃចូលឆ្នាំ
  • ថ្ងៃទី២ហៅថាថ្ងៃវ័នបត រឺ ថ្ងៃកណ្ដាល
  • ថ្ងៃទី៣ហៅថា ថ្ងៃឡើងស័ក រឺ ថ្ងៃផ្លាស់ស័កថ្មី
ការរៀបចំ
​​        មុនពេលដែលថ្ងៃចូលឆ្នាំបានឈាន ចូលមកដល់ ប្រជាជនខ្មែរយើងបានរៀបចំផ្ទះសម្បែង បោសសំអាតទីធ្លាផ្ទះជំរះស្មៅ ដើម្បីរៀបចំអោយ គេហដ្ឋានអោយបានស្អាត ត្រៀមចាំ ទទួលទេវតាឆ្នាំថ្មី ។ ប្រដាប់ប្រដាដែលត្រូវមាននៅក្នុងឪកាសមានដូចជា៖ បាយសី១គូ ស្លាធម៌១គូ ទឹកអប់ ធូប ទៀន ម្លូ បារី ផ្កាភ្ញី ផ្លែឈើគ្រប់មុខ ភេសជ្ជៈ នំជាដើម គឺរបស់ទាំងនេះត្រៀមសំរាប់ទទួលទេវតាឆ្នាំថ្មី ។
       យើងតែងតែសង្កេតឃើញថាតាំងតែពីបូរមបូរាណកាលមក ប្រជាជនខ្មែរ យើងទាំងអស់គ្នាទូទាំងប្រទេសកម្ពុជាគឺមានចិត្ត អំណរសាទរសប្បាយរីករាយយ៉ាងខ្លាំង ។ រយៈពេលបីថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរ គ្រប់រូបបាននាំគ្នា រៀបចំចង្ហាន់យក ទៅវត្តប្រគេនព្រះសង្ឃ ។ ពេលទៅដល់វត្តអារាមពួកគេបានចូលទៅក្នុងព្រះវិហារ ដើម្បី អុជធូប បួងសួង សុំសេចក្ដីសុខសេចក្ដីចំរើន ថ្វាយផ្កាភ្ញី ថ្វាយបង្គំព្រះ និងប្រគេនចង្ហាន់ ទេយ្យវត្ថុផ្សេងៗ ជូនទៅព្រះសង្ឃ ហើយពួកគេក៏បានស្ដាប់ព្រះសង្ឃសូត្រធម៌រឺទេសស្នា ។ នៅក្នុងភូមិស្រុក និង ក្នុងវត្តអារាមប្រជាពលរដ្ឋខ្មែរ បានលេងល្បែងកំសាន្ត ប្រជាប្រិយខ្មែរ យើងយ៉ាងសប្បាយ រីករាយអ៊ូរអរក្រៃលែង ក្នុងនោះមាន ល្បែងប្រជាដូចជា បោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង រាំកំសាន្ត តាមបែបប្រពៃណីខ្មែរ ។
       រសៀលថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំខ្មែរគេបាន ធ្វើកិច្ចស្រង់ព្រះពុទ្ធរូប ដើម្បីសុំនូវសេចក្ដីសុខកាយសប្បាយចិត្ត និងសុខសន្តិភាពនៅក្នុងប្រទេស ។ ម្យ៉ាងវិញទៀត យើងដែលជាកូនៗគ្រប់រូបក៏ត្រូវធ្វើកិច្ចស្រង់ព្រះរស់ដែរ គឺមាតាបិតារបស់យើង ដែលជាអ្នកមានគុណយ៉ាងក្រៃលែង ធំជាងភ្នំព្រហសុរមេរុទៀតនោះ នេះគឺជាកិច្ចកត្តញ្ញូធម៌ចំពោះអ្នកមានគុណ ។ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យើងប្រជាជនមួយចំនួនមិនត្រូវ នាំគ្នាយកល្បែងដែលនាំអោយអន្តរាយដល់ជីវិតមនុស្ស ប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរឡើយ ពិសេសល្បែងប្រជាប្រិយដែលមិមែនជារបស់ខ្មែរយើង ។








ងហ

No comments:

Post a Comment