Sunday, June 9, 2013

អ្វីទៅជាប្រព័ន្ធផ្សព្វផ្សាយ?


តាមនិយមន័យប្រព័ន្ធផ្សព្វផ្សាយគឺវាមានលក្ខណះជាជំនួញហើយ ត្រូវមានការទាក់ទាញយ៉ាងខ្លាំងចំពោះព័ត៌មានឬ ដំណឹង ដែលយើងបានផ្សាយទៅកាន់ អតិថិជន,អ្នកស្ដាប់, អ្នកអាន, អ្នកទស្សនា។ យើងក៏អាចអោយនិយមន័យ ម្យ៉ាងទៀតបានថា ប្រព័ន្ធផ្សព្វផ្សាយគឺជា បណ្ដាញទំនាក់ទំនងសង្គមយ៉ាងទូលំទូលាយ និងមានសារៈសំខាន់សំរាប់ធ្វើការចែកចាយ សារព័ត៌មាន ដំណឹងផ្សេងៗទៅ កាន់មនុស្ស ។
ប៉ុន្មានឆ្នាំថ្មីៗនេះគេឃើញមាននិន្នាការយ៉ាងខ្លាំងទៅរកសាកលវូប្បនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយ ។ ការចាប់បើក នូវសហគ្រាសប្រព័ន្ធផ្សព្វផ្សាយ យ៉ាងសម្បើម ជាលក្ខណះជំនួញ ត្រូវបានគេរៀបចំឡើង និងបង្កើនគំលាត ពាសពេញ ផែនដី តាមរយះ កម្មវិធីរបស់ ពួកគេ ។ ប្រទេសមួយចំនួនក៏បានក្លាយជាតំបន់ ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងផលិតកម្មវិធីតាមរយះ ប្រព័ន្ធផ្សព្វផ្សាយ ដែលជាបឋម មានលក្ខណះជាការកំសាន្ត និងការផ្សព្វផ្សាយលក់ផលិតផលរបស់ពួកគេ និងការផ្ដល់ព័ត៌មាននានា ទៅកាន់មនុស្ស ។ 

នៅ​លើ​ពិភពលោក មិន​ថា​ប្រទេស​ដែល​បាន​អភិវឌ្ឍន៏ ឬ​កំពុងតែ​អភិវឌ្ឍន៏​នោះ​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរ​តួនាទី​ជា​ផ្នែក​មួយ​ដ៏មានសារះ​សំខាន់​សម្រាប់​ការ ប្រាស្រ័យ​ទាក់​ទង​រវាង​មនុស្ស​ស្ទើរតែគ្រប់​ស្រទាប់​វណ្ណៈ មិន​ថា​ជាតិ ឬ​អន្តរជាតិ​នោះ​ទេ​។ ដូចនេះប្រព័ន្ធផ្សព្វផ្សាយ គឺជាបណ្ដាញមួយដែលមានភាពទូលំទូលាយ ដើម្បីបញ្ជ្រាប ព័ត៌មាន ចំនេះដឹងទៅដល់មនុស្សគ្រប់រូប បានទទួលដឹងឮ ។ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ដូចជាទូរទស្សន៏, វិទ្យុ, កុំព្យូរទ័រអ៊ិនធឺណែត ត្រូវបាន គេចាត់ទុកថា ជាឧបករណ៏ ដ៏អស្ចារ្យ សម្រាប់ការសាយភាយបញ្ជ្រាប នៅការអប់រំ ចំនេះដឹង និងព័ត៌មាន រួមទាំងសម្រាប់ អោយសង្គមជាតិមានការរីកចំរើន ក្រៅពីនេះ យើងបាន​កត់​សម្គាល់​ឃើញ​ថា ការ​ចាប់​ផ្តើម​បើក​បង្រៀន​នូវ​ថ្នាក់​បរិញ្ញាប័ត្រ​អំពី​​ជំនាញប្រព័ន្ធផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នេះ ក៏​កំពុង​ឆ្ពោះ​ទៅ​កាន់​តួលេខ​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ។ ទំព័រ​ប្រវត្តិសាស្រ្ត​ដំបូង​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បាន​បើក​ឡើង​នូវ​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​ ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​២០០១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ថ្មីៗ​នេះ សាកល​វិទ្យាល័យ​លីមកុក​វីង និង​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា កំពុង​តែ​ផ្ដោត​លើ​មុខវិជ្ជា​នេះ​ផង​ដែរ​ នេះបើយោងទៅតាម គេហទំព័រមួយបាន ចេញផ្សាយកាលពីថ្មីៗនេះ ។ បច្ចុប្បន្នភាពនេះ ទីផ្សារការងារ ក្នុងផ្នែក ប្រព័ន្ធផ្សព្វផ្សាយនៅមានភាពទូលាយ នៅឡើយ ហើយអនាគត សំរាប់សិស្សនិស្សិត គ្រប់រូបគឺពិតជាមានភាពត្រចះត្រចង់ ជាក់ជាមិនខាន ។ ជាហេតុដូចនេះហើយ ទើប គេបានបង្កើត សាលាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា  ដើម្បីបណ្ដុះបណ្ដាល សិស្សនិស្សិត អោយមាន គុណភាព និងមានវីជ្ជាជីវៈសំរាប់ថ្ងៃទៅអនាគតរបស់ពួកគេ ។